ទេសាភិបាលរង ធនាគារ​ជាតិ​នៃ​កម្ពុជា លើក​ឡើង​ពីសារៈ​សំខាន់​កិច្ចសហ​ប្រតិបត្តិ​ការរៀល-យ៉ន់ សម្រាប់​ពាណិជ្ជកម្ម​ឆ្លងដែន

ហុងកុង ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០២៥ – ឯក​ឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី និង​ថ្លែង​សុន្ទរ​ក​ថាបើក​ក្នុង “វេទិកា​អន្តរ​ជាតូបនីយកម្ម​ប្រាក់យ៉ន់ ឆ្នាំ២០២៥” ដែល​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០២៥ នៅ​តំបន់​រដ្ឋបាល​ពិសេសហុងកុង ប្រទេសចិន​។

ទេសាភិបាលរង ធនាគារ​ជាតិ​នៃ​កម្ពុជា លើក​ឡើង​ពីសារៈ​សំខាន់​កិច្ចសហ​ប្រតិបត្តិ​ការ រៀល-យ៉ន់ សម្រាប់​ពាណិជ្ជកម្ម​ឆ្លងដែន

ក្នុង​សុន្ទរកថា​របស់​ឯក​ឧត្តម ទេសាភិបាលរង បានគូស​បញ្ជាក់​អំពី តួនាទី​កាន់តែ​សំខាន់​នៃ​ប្រាក់យ៉ន់ ក្នុង​ការ​សម្រួល​ប្រតិបត្តិ​ការ​ទូទាត់ និង​ពាណិជ្ជកម្ម​សម្រាប់​វិនិ​យោគិន​អន្តរជាតិ​។ ការ​ប្រើ​ប្រាស់​ប្រាក់យ៉ន់​កាន់តែ​ទូលំ​ទូលាយ​នេះ គឺសម​ស្រប​ទៅនឹង​ក្របខ័ណ្ឌ​របស់​ប្រទេសចិន​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​។

លើសពី​នេះ ឯក​ឧត្តម រ័ត្ន សុវណ្ណនរៈ ក៏​បានកត់សម្គាល់​ផងដែរ​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​តំបន់ ដើម្បី​លើក​កម្ពស់ ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លងដែន​ទ្វេភាគី​ដោយ​ប្រើ​រូបិយប័ណ្ណ​ក្នុង​ស្រុក​រៀងៗ​ខ្លួន​។ ពាក់​ព័ន្ធ​នឹង​កម្ពុជា ឯក​ឧត្តម​បាន​បញ្ជាក់ពី​កិច្ចសហ​ប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​រវាង​ប្រទេសកម្ពុជា និងចិន ក្នុង​ការ​អភិវឌ្ឍ​ផលិតផលហិរញ្ញ​វត្ថុ​ពាក់​ព័ន្ធ​នានា​។ គោលបំណង​នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​នេះ គឺ​ដើម្បី​ជំរុញ និង​សម្រួល​ដល់​ប្រតិបត្តិ​ការ​ទូទាត់​ជា​ប្រាក់រៀល និង​ប្រាក់យ៉ន់ សម្រាប់​ពាណិជ្ជកម្ម​ឆ្លងដែន​ទ្វេភាគី ដែល​នឹង​ផ្តល់ផល​ប្រយោជន៍​ដល់ធុរ​កិច្ច និង​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ​។

ការ​ចូល​រួម និង​សុន្ទរកថា​របស់​ឯក​ឧត្តម​ទេសាភិបាលរង​នៅ​វេទិកា​អន្តរជាតិ​នេះ បាន​បង្ហាញពី​ការប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​ជា​ដៃគូ​៕