ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ – ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមគណនេយ្យករជំនាញ (ACCA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) រាជធានីភ្នំពេញ។

អនុស្សរណៈនៃការយោគយល់ទ្វេភាគីនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម គ្រុយ វាសនា ឧបការីទេសាភិបាល និងជាអគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា និងលោក Pulkit Abrol នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសមាគមគណនេយ្យករជំនាញ។ ពិធីនេះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនគណនេយ្យ និងស្ថាប័នអប់រំសំខាន់ៗក្នុងវិស័យគណនេយ្យនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ នឹងអនុញ្ញាតឱ្យ ACCA ផ្ដល់ការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា តាមរយៈកម្មវិធីសំខាន់ៗមួយចំនួន រួមមាន៖
- កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ACCA (ACCA Professional Development Programs): ផ្ដោតលើការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់បុគ្គលិកធនាគារជាតិ។
- កម្មវិធី ACCA Approved Employer: ធានាថាការបណ្ដុះបណ្ដាល និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិកធនាគារជាតិ គឺស្របតាមស្តង់ដារអន្តរជាតិ។
- ការបង្កើនសមត្ថភាពពាក់ព័ន្ធនឹងគណនេយ្យ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech): ជួយពង្រឹងជំនាញបច្ចេកទេសសំខាន់ៗសម្រាប់វិស័យធនាគារ។
- ការអនុញ្ញាតឱ្យចូលប្រើធនធានសិក្សារបស់ ACCA: ផ្ដល់ឱកាសដល់បុគ្គលិកធនាគារជាតិ ក្នុងការទទួលបាននូវសម្ភារៈសិក្សា និងឧបករណ៍សិក្សាប្រកបដោយគុណភាពខ្ពស់។
អនុស្សរណៈនៃការយោគយល់នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕