ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់

ធនាគារ វីង (ខេមបូឌា) ម.ក និង​ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី បាន​ចុះ​ហត្ថ​លេខាលើអនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា​កាលពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២៥​។ កិច្ច​ព្រម​ព្រៀង​នេះ​មាន​គោលបំណង​លើក​កម្ពស់​សេវាហិរញ្ញ​វត្ថុ​អន្តរជាតិ និង​ជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​សិង្ហបុរី​។

ភាពជា​ដៃគូ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញថា​ជា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ ក្នុង​ការ​កសាង​ទំនាក់​ទំនង​ប្រព័ន្ធហិរញ្ញ​វត្ថុ​នៅ​ក្នុង​តំបន់​អាស៊ាន​។ តាមរយៈ​ការ​រួម​បញ្ចូល​គ្នា​រវាង​ភាព​ខ្លាំង​ក្នុង​តំបន់​របស់​ធនាគារ ស៊ីអាយអិមប៊ី និង​ភាពឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​របស់​ធនាគារ វីង ធនាគារ​ទាំង​ពីរ​នឹង​ផ្តល់ជូន​នូវ​សេវាហិរញ្ញ​វត្ថុ​ចម្រុះ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​គ្រប់​ប្រភេទ រួម​មាន​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម សហ​គ្រាសធុន​តូច និង​មធ្យម (SMEs) និង​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់​។

បណ្ឌិត Dmytro Kolechko អគ្គ​នាយក​ធនាគារ វីង បាន​មាន​ប្រសាសន៍ថា​៖

«ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹង​អនុញ្ញាតឱ្យ​យើង​ខ្ញុំ​នាំមក​នូវ​ដំណោះ​ស្រាយហិរញ្ញ​វត្ថុ​កម្រិត​ពិភពលោក ដើម្បី​បំពេញ​តម្រូវការ​អតិថិជន ព្រម​ទាំង​រួម​ចំណែក​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​សិង្ហបុរី​។ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ សំដៅ​លើក​កម្ពស់​បរិយាបន្នហិរញ្ញ​វត្ថុ និង​ឱកាស​ពាណិជ្ជកម្ម​អន្តរជាតិ»។

ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​ប្រើ​ប្រាស់​បណ្តាញ​ឯកទេសហិរញ្ញ​វត្ថុ​របស់​ធនាគារ ស៊ីអាយអិមប៊ី នៅ​ប្រទេស​សិង្ហបុរី រួម​ជាមួយនឹង​វត្ត​មាន​ដ៏​រឹងមាំ​របស់​ធនាគារ វីង នៅ​ក្នុង​ប្រទេសកម្ពុជា ដើម្បី​ផ្តល់​ដំណោះ​ស្រាយហិរញ្ញ​វត្ថុ​ងាយ​ស្រួល​ប្រើ​ប្រាស់​សម្រាប់​អតិថិជន សហ​គ្រាសធុន​តូច និង​មធ្យម និង​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់​។

កិច្ចសហ​ប្រតិបត្តិ​ការ​នេះ​នឹង​ផ្តល់ជូន​ដំណោះ​ស្រាយ​ធនាគារ​ជា​ច្រើន​ដូចជា​៖ ប្រាក់​បញ្ញើ កម្ចី ការ​ផ្ទេរ​ប្រាក់ និងហិរញ្ញប្ប​ទាន​ពាណិជ្ជកម្ម​ជាដើម ដើម្បី​គាំទ្រ​កំណើន​តម្រូវការ​អាជីវ​កម្ម​អន្តរជាតិ​។ ការផ្តោត​សំខាន់គឺ​គាំទ្រ​ដល់សហ​គ្រាសធុន​តូច និង​មធ្យម (SMEs) របស់​កម្ពុជា ដែល​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយ​មាន​ចំណែក ៩៨% នៃ​អាជីវ​កម្ម​កំពុង​ដំណើរ​ការ ៧០% នៃ​ការ​ផ្តល់​ឱកាស​ការងារ និង​ប្រមាណ ៥៨% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​។

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់

លោក Victor Lee Meng Teck ប្រធាន​នាយក​ប្រតិបត្តិ CIMB Singapore និង​ប្រធាន​នាយក​ប្រតិបត្តិ Growth Markets បាន​បញ្ជាក់​បន្ថែមថា​៖

«កិច្ចសហ​ប្រតិបត្តិ​ការ​របស់​យើង​ជាមួយ​ធនាគារ វីង បាន​ឆ្លុះ​បញ្ចាំងពី​ការប្តេជ្ញា​ចិត្ត​របស់​ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ក្នុង​ការ​លើក​កម្ពស់​បរិយាបន្នហិរញ្ញ​វត្ថុ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​។ តាមរយៈ​កិច្ច​សហការ​រួម​គ្នា​នេះ យើង​នឹង​នាំមក​នូវ​គុណ​តម្លៃ​ថ្មី​សម្រាប់​អតិថិជន ព្រម​ទាំង​ពង្រឹង​មធ្យោបាយហិរញ្ញ​វត្ថុ​រវាង​ប្រទេស​សិង្ហបុរី និង​កម្ពុជា»។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ១០១% បើធៀបនឹងឆ្នាំ២០២៣។ ភាពជាដៃគូរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងជួយសម្រួលសេវាហិរញ្ញវត្ថុ ធ្វើឱ្យប្រតិបត្តិការអន្តរប្រទេសដំណើរការកាន់តែរលូន និងជួយឱ្យអាជីវកម្មរីកចម្រើន។

កិច្ចសហការនេះនឹងប្រើប្រាស់ជំនាញឯកទេសរបស់ធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិនាំមុខគេមួយក្នុងតំបន់អាស៊ាន រួមជាមួយជំនាញក្នុងស្រុករបស់ធនាគារ វីង ដើម្បីផ្តល់ជូនអតិថិជនដែលមានចំណូលខ្ពស់នូវជម្រើសវិនិយោគបត់បែន និងដំណោះស្រាយគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយសុវត្ថិភាព ដែលសមស្របទៅនឹងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូដ៏សំខាន់នេះ គឺជាការត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការធ្វើសមាហរណកម្មហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងកម្ពុជា សំដៅជំរុញកំណើន ការច្នៃប្រឌិត បរិយាបន្នហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាព។ តាមរយៈការជំរុញការតភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ កិច្ចសហការរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងនាំមកនូវវិបុលភាព និងសមាហរណកម្មកាន់តែរឹងមាំសម្រាប់អនាគតដ៏ត្រចះត្រចង់ក្នុងតំបន់អាស៊ាន៕