ពង្រឹង​សុវត្ថិភាព​ឌីជីថល​៖ គន្លឹះ​ការពារ​វិស័យ​ធនាគារ​កម្ពុជាពី​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត

នៅ​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត​ដែល​កំពុងកើន​ឡើង និង​កាន់តែ​ស្មុគ​ស្មាញ ការ​ការពារ​វិស័យហិរញ្ញ​វត្ថុ​បាន​ក្លាយ​ជា​អាទិភាព​ចម្បង​សម្រាប់​កម្ពុជា​។ ដើម្បី​ឆ្លើយ​តបនឹង​បញ្ហា​នេះ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) បាន​ប្រារព្ធ “ទិវា​សុវត្ថិភាព​ឌីជីថល ឆ្នាំ២០២៥” កាលពី​ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ “ការទប់​ស្កាត់ និង​ការ​ការពារ”។ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​បង្កើន​ការ​យល់​ដឹង ពង្រឹង​កិច្ច​សហការ និង​លើក​កម្ពស់​ឧត្តមានុ​វត្តន៍​សម្រាប់​សុវត្ថិភាព​ឌីជីថល​។

សុវត្ថិភាពឌីជីថល៖ ភារកិច្ចរួមរបស់គ្រប់គ្នា

លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​សង្កត់​ធ្ងន់ថា សុវត្ថិភាព​ឌីជីថ​លលែងមែន​ជា​មុខងារ​បច្ចេកទេស​តែមួយ​ផ្នែក ឬ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ផ្នែក​ព័ត៌មាន​វិទ្យា (IT) ទៀត​ហើយ​។ លោក​បាន​ថ្លែងថា​៖ “វា​ជា​អាទិភាព​សម្រាប់គណៈ​គ្រប់​គ្រង​ស្ថាប័ន ឬ​ក្រុម​ប្រឹក្សាភិបាល​របស់​គ្រឹះ​ស្ថានហិរញ្ញ​វត្ថុ​ទាំងមូល… គ្រប់​គ្នា​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ជា​អ្នក​មាន​តួនាទី​ក្នុង​ការ​ទប់​ស្កាត់ និង​ការពារ​ចំពោះ​បញ្ហា​នេះ”។

លោក សោភ័ណ បាន​បន្ថែមថា រាល់​ការចុចលើ​ប្រតិបត្តិ​ការ និង​ការ​ផ្ទេរ​ទិន្នន័យ គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ត្រួត​ពិនិត្យឱ្យ​បាន​ម៉ត់ចត់ ព្រោះ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធឌីជីថល​មាន​ពិត​ប្រាកដ និង​វិ​វត្ត​ជា​ប្រចាំ​។ លោក​បាន​លើក​ឡើងពី​ទម្រង់បោក​ប្រាស់​នានា​ដូចជា​៖

  • ការបោកប្រាស់តាមរយៈសារ ឬអ៊ីមែល (Phishing)
  • ការវាយប្រហារដោយមេរោគកុំព្យូទ័រ (Ransomware)
  • ការ​ប្រើ​ប្រាស់​ឧបករណ៍​ក្លែងក្លាយ (Fake BTS) ដើម្បី​ផ្សព្វផ្សាយ​សារ​ដែល​មាន​មេ​រោគ​តាមរយៈតំណ​ភ្ជាប់ (link)។

បញ្ហា​ទាំង​នេះ​តម្រូវឱ្យ​មាន​ការ​យល់​ដឹង​ខ្ពស់ និង​វិធាន​ការ​ការពារ​ប្រកបដោយ​សុវត្ថិភាព​។

តួនាទីរបស់ធនាគារជាតិ និងកិច្ចសហការ

លោក ឡុង វី​បុណ្យ​ឫទ្ធ អគ្គ​នាយករង​ប្រតិបត្តិ​ការ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​បញ្ជាក់ថា ការងារ​ស្នូល​របស់​ធនាគារ​ជាតិគឺ​ការ​ថែរក្សា​គុណ​តម្លៃ និង​ស្ថិរ​ភាព​វិស័យ​ធនាគារ និងហិរញ្ញ​វត្ថុ ដែល​ប្រកប​ដោយ​បរិយាបន្ន ពិពិធ​កម្ម និង​សុវត្ថិភាព​។ លោក​បាន​ទទួល​ស្គាល់ពី​តួនាទី​សំខាន់​នៃ​សុវត្ថិភាព​ឌីជីថល​ក្នុង​ការ​ថែរក្សា​ទំនុក​ចិត្តលើ​សេវាហិរញ្ញ​វត្ថុឌីជីថល​។

លោក​បាន​អំពាវនាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ រួម​មាន​៖ និយ័តករ គ្រឹះ​ស្ថានហិរញ្ញ​វត្ថុ អ្នក​ផ្តល់​សេវា​បច្ចេកវិទ្យា និង​អតិថិជន ឱ្យ​ចូល​រួម​ជំរុញ​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ឌីជីថល ជំរុញនវានុ​វត្តន៍ និង​សហការ​រួម​គ្នា​ដើម្បីទប់​ស្កាត់ និង​ការពារ​សុវត្ថិភាព​ឌីជីថល​នៅ​កម្ពុជា​។

កិច្ចពិភាក្សាសំខាន់ៗ និងការចូលរួមពីដៃគូ

ទិវា​សុវត្ថិភាព​ឌីជីថល​នេះ បាន​រៀបចំ​កិច្ច​ពិភាក្សា​សំខាន់ៗ​ចំនួន ៣ ដែលផ្តោត​លើការ​អភិវឌ្ឍគោល​នយោបាយ​សុវត្ថិភាព​ឌីជីថល ការទប់​ស្កាត់​ការ​បោក​ប្រាស់ និង​ការ​ធានា​សុវត្ថិភាព​លើ​ប្រព័ន្ធឌីជីថល​ក្នុង​វិស័យ​ធនាគារ និងហិរញ្ញ​វត្ថុ​។

ស្ថាប័ន​សំខាន់ៗ​ដូចជា ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC), នាយក​ដ្ឋាន​ប្រឆាំងបទ​ល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ, ក្រុម​ហ៊ុន Mastercard និង​អង្គ​ភាព​ស៊ើប​ការណ៍ហិរញ្ញ​វត្ថុ​កម្ពុជា (CAFIU) បាន​ចូល​រួម​ចែករំលែក​ការ​យល់​ដឹង និង​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​កំពុងកើន​ឡើង​។

លោក​ស្រី Wong Winnie នាយក​ប្រចាំ​ប្រទេស​របស់​ក្រុម​ហ៊ុន Mastercard ប្រចាំ​ប្រទេសវៀតណាម ឡាវ និង​កម្ពុជា បាន​បញ្ជាក់ថា Mastercard ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​រដ្ឋ និង​វិស័យ​ធនាគារ ដើម្បី​ចែករំលែក​ព័ត៌មាន​អំពីហានិភ័យ ដំណោះ​ស្រាយ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អភិវឌ្ឍគោល​នយោបាយ​គាំទ្រ​។ លោក​ស្រី​បាន​បន្តថា សុវត្ថិភាព​ឌីជីថល​បាន​ក្លាយ​ជា​យុទ្ធ​សាស្ត្រ​អាទិភាព​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​ឆ្លើយ​តបនឹងហានិភ័យ​ដែល​កំពុងកើន​ឡើង​។

ទិវា​សុវត្ថិភាព​ឌីជីថល ឆ្នាំ២០២៥ មិន​ត្រឹមតែ​ជំរុញ​ឱ្យ​មាន​ការ​សន្ទនា​រវាង​ភាគី​ពាក់​ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​គោលបំណង​បង្កើន​ចំណេះ​ដឹង​ផ្នែកឌីជីថល​សម្រាប់​អ្នក​ជំនាញ​ក្នុង​វិស័យ​ធនាគារ និងហិរញ្ញ​វត្ថុ និង​លើក​កម្ពស់​វប្បធម៌​នៃ​ការ​ការពារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រកប​ដោយ​បុរេ​សកម្ម​៕