ខេត្តកំពង់ធំ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ – ធនាគារ ជីប ម៉ុង បានបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភក្នុងគំនិតផ្ដួចផ្ដើមរបស់សមាគមធនាគារនៅកម្ពុជា ស្ដីពីការពង្រឹងវិស័យអប់រំ និងការកែលម្អអគារសាលារៀនក្នុងខេត្តកំពង់ធំ។

ពិធីប្រគល់សម្ភារៈសិក្សាជូនសាលាបឋមសិក្សាចំនួន ៧ កន្លែង ក្នុងស្រុកបាសាទសំបូរ ខេត្តកំពង់ធំ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃសុក្រ ទី ៣១ ខែឧសភា ឆ្នាំ២០២៥។ ធនាគារ ជីប ម៉ុង មានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យនេះ។
តំណាងធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា “ការអប់រំគឺជាគន្លឹះសំខាន់ក្នុងការកសាងអនាគតដ៏ល្អប្រសើរ។ យើងខ្ញុំប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ដើម្បីផ្ដល់ឱកាសឱ្យកុមារទូទាំងប្រទេសកម្ពុជាទទួលបានបរិយាកាសសិក្សាកាន់តែល្អប្រសើរ ដោយមិនថាពួកគេរស់នៅទីណានោះទេ”។
សកម្មភាពនេះបញ្ជាក់យ៉ាងច្បាស់ពីចក្ខុវិស័យរបស់ធនាគារ ជីប ម៉ុង ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសតាមរយៈការលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារកម្ពុជា៕