ហុងកុង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកក្នុង “វេទិកាអន្តរជាតូបនីយកម្មប្រាក់យ៉ន់ ឆ្នាំ២០២៥” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន។

ក្នុងសុន្ទរកថារបស់ឯកឧត្តម ទេសាភិបាលរង បានគូសបញ្ជាក់អំពី តួនាទីកាន់តែសំខាន់នៃប្រាក់យ៉ន់ ក្នុងការសម្រួលប្រតិបត្តិការទូទាត់ និងពាណិជ្ជកម្មសម្រាប់វិនិយោគិនអន្តរជាតិ។ ការប្រើប្រាស់ប្រាក់យ៉ន់កាន់តែទូលំទូលាយនេះ គឺសមស្របទៅនឹងក្របខ័ណ្ឌរបស់ប្រទេសចិនក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិ។
លើសពីនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ក៏បានកត់សម្គាល់ផងដែរនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងតំបន់ ដើម្បីលើកកម្ពស់ ការទូទាត់ពាណិជ្ជកម្មឆ្លងដែនទ្វេភាគីដោយប្រើរូបិយប័ណ្ណក្នុងស្រុករៀងៗខ្លួន។ ពាក់ព័ន្ធនឹងកម្ពុជា ឯកឧត្តមបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសកម្ពុជា និងចិន ក្នុងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុពាក់ព័ន្ធនានា។ គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីជំរុញ និងសម្រួលដល់ប្រតិបត្តិការទូទាត់ជាប្រាក់រៀល និងប្រាក់យ៉ន់ សម្រាប់ពាណិជ្ជកម្មឆ្លងដែនទ្វេភាគី ដែលនឹងផ្តល់ផលប្រយោជន៍ដល់ធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។
ការចូលរួម និងសុន្ទរកថារបស់ឯកឧត្តមទេសាភិបាលរងនៅវេទិកាអន្តរជាតិនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធទូទាត់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសជាដៃគូ៕