ធនាគារ អេស ប៊ី អាយ លី ហួរ ផ្ដល់​រនាំង​សុវត្ថិភាព​ចរាចរណ៍ ២០០ ដល់ ១០០សាលា​ទូ​ទាំង​ប្រទេស

ធនាគារ អេស ប៊ី អាយ លី ហួរ (SBI Ly Hour Bank) បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​បាន​ផ្ដល់រនាំង​សុវត្ថិភាព​ចរាចរណ៍​ចល័ត​ចំនួន ២០០ ដល់សាលា​រៀន​ចំនួន ១០០ កន្លែង នៅ​ទូ​ទាំង​ប្រទេស​។

ការ​ផ្ដល់ជូន​នេះ​មាន​គោលបំណងពញ្ញាក់​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ឱ្យ​មាន​ការ​អធ្យាស្រ័យ​ក្នុង​ការ​បើកបរ​នៅលើដង​ផ្លូវ និង​យល់​ដឹង​អំពីហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​។

ធនាគារ អេស ប៊ី អាយ លី ហួរ បាន​សង្កត់​ធ្ងន់ថា ការ​ផ្ដល់ជូន​នេះ​បញ្ជាក់ពីការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ប្រជាជន​កម្ពុជា ជា​ពិសេស​សម្រាប់​យុវជន។ រនាំង​សុវត្ថិភាព​ចរាចរណ៍​ទាំង​នេះ​ត្រូវ​បាន​រំពឹងថា​នឹងជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នានា​ដែល​កើត​មាន​ចំពោះ​សិស្សានុសិស្ស ក៏​ដូចជា​ចូល​រួម​ចំណែក​បង្កើត​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​កុមារ​។

សកម្មភាព​សប្បុរស​ធម៌​នេះ ឆ្លុះ​បញ្ចាំងពី​ការយក​ចិត្ត​ទុកដាក់​របស់​ធនាគារ អេស ប៊ី អាយ លី ហួរ ចំពោះ​ទំនួល​ខុស​ត្រូវ​សង្គម និង​ការ​រួម​ចំណែក​ដល់​សុខុមាល​ភាព​សាធារណៈ​៕