ភ្នំពេញ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ – ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា រៀបចំសិក្ខាសាលាមួយស្ដីពី “នីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ សម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ”។
សិក្ខាសាលាដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ នេះ មានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ក៏ដូចជាវិធានដើមកំណើតទំនិញ ដើម្បីទប់ស្កាត់ និងបង្ការរាល់ទង្វើក្លែងបន្លំប្រភពដើមទំនិញ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ពាណិជ្ជកម្មរបស់កម្ពុជា។
សិក្ខាសាលានេះក៏បានរំលេចផងដែរនូវការរួមចំណែកដ៏មានសារៈសំខាន់របស់ធនាគារ អេស៊ីលីដា ក្នុងនាមជាធនាគារខ្មែរមួយ ដែលតែងតែប្ដេជ្ញាចិត្តគាំទ្របរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ។ ការសហការរៀបចំសិក្ខាសាលានេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ អេស៊ីលីដា ក្នុងការគាំទ្រដល់ធុរកិច្ចក្នុងស្រុក និងការលើកកម្ពស់តម្លាភាពក្នុងវិស័យពាណិជ្ជកម្ម៕



